ក្រសួងពាណិជ្ជកម្ម នឹងតម្រូវឲ្យគ្រប់ឱសថស្ថាន កន្លែងលក់ម៉ាស អាល់កុលទឹកលាងដៃ ដាក់កំណត់តម្លៃជាអក្សរខ្មែរឲ្យធំៗ
(ភ្នំពេញ)៖ លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា នៅគ្រាដែលតម្រូវការម៉ាស និងទឹកអាកុលលាងដៃ មានសេចក្តីត្រូវការខ្ពស់ ក្នុងពេលវេលានៃការរីករាលដាលជំងឺកូវីដ១៩នោះ ក្រសួងពាណិជ្ជកម្ម បានកំពុងរិះរកវិធីមួយចំនួន ដើម្បីឲ្យការលក់ផលិតផលចាំបាច់ទាំងនោះ ប្រកបដោយភាពស្មោះត្រង់ មិនមានការកេងចំណេញពីប្រជាពលរដ្ឋ។
លោកបន្តថា វិធានការមួយ ក្នុងចំណោមវិធានការមួយចំនួនទៀត ត្រូវអង្គប្រជុំរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពិនិត្យនូវការលក់ទំនិញចាំបាច់ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ដែលដឹកនាំដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកំណត់យក គឺការសម្រេចឲ្យគ្រប់ឱសថស្ថាន និងកន្លែងលក់ម៉ាស ទឹកអាកុលលាងដៃទាំងអស់ ត្រូវតែដាក់តម្លៃទំនិញទាំងអស់នោះ ជាអក្សរខ្មែរឲ្យបានធំៗ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋសម្រេចចិត្តទិញ។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យជាពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់អំពីតម្លៃ ម៉ាស ទឹកអាកុលលាងដៃ និងសម្ភារចាំបាច់មួយចំនួនទៀត ដែលមិនអាចឲ្យឱសថស្ថាន ឬកន្លែងលក់សម្ភារទាំងនោះ កំណត់ថ្លៃស្រេចតែចិត្ត ឬលក់ក្នុងតម្លៃខ្ពស់។
លោក ស៊ាង ថៃ បានបញ្ជាក់ថា «យើងធ្វើបែបនេះ ដូចទៅនឹងការកំណត់តម្លៃប្រេងឥន្ធនៈដែរ។ បើគ្រប់កន្លែងលក់ម៉ាស លក់ទឹកអាកុលដាក់តម្លៃជាក់លាក់នោះ បងប្អូនប្រជាពលរដ្ឋយើងបានដឹងពីតម្លៃច្បាស់ ងាយក្នុងការសម្រេចចិត្ត ហើយមិនអាចឲ្យកន្លែងលក់បន្លំតម្លៃលើអ្នកទិញ»។
អ្នកនាំពាក្យរូបនេះបន្តថា ការដាក់តម្លៃលក់ម៉ាស និងទឹកអាកុលលាងដៃនេះ ក៏នឹងជួយឲ្យអ្នកលក់តាមអនឡាញ មិនហ៊ានលក់តម្លៃស្រេចតែចិត្តផងដែរ ដែលនេះជាផលចំណេញចំពោះអ្នកប្រើប្រាស់។
ឆ្លើយតបនឹងការលើកឡើងឲ្យក្រសួងពាណិជ្ជកម្ម កំណត់តម្លៃម៉ាស ដូចនៅប្រទេសថៃនោះ ត្រូវបានលោក ស៊ាង ថៃ បញ្ជាក់ថា មិនអាចធ្វើដូចទៅនឹងប្រទេសថៃបានឡើយ ដោយសារតែប្រទេសកម្ពុជា គ្មានរោងចក្រផលិតម៉ាសដូចប្រទេសថៃ ត្រូវការនាំចូលជាចាំបាច់ ដូច្នេះមានផលវិបាកក្នុងការកំណត់នូវតម្លៃនេះ។ លោកបន្តថា តែទោះជាយ៉ាងណាក៏ដោយ ក្រសួងបានតាមដានថ្លៃទំនិញលើទីផ្សារ និងបានអំពាវនាវឱ្យអាជីវករ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុពេក។
លោកបញ្ជាក់ផងដែរថា ដើម្បីធានាឱ្យប្រជាពលរដ្ឋ ទទួលបានការប្រើប្រាស់នូវផលិតផលមានគុណភាព តម្លៃសមរម្យ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ, អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត បានចុះត្រួតពិនិត្យជាប្រចាំនូវគុណភាពទំនិញ និងថ្លៃទំនិញលើទីផ្សារក្នុងទូទាំងប្រទេស ជាពិសេស ម៉ាស ជេលសម្លាប់មេរោគ ទឹកអាកុលលាងដៃ និងគ្រឿងឧបភោគ បរិភោគជាដើម៕