យុវតីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកិនយ៉ាងអាណោចអធម

(ភ្នំពេញ)៖ យុវតីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកិនយ៉ាងអាណោចអធម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៥៩៨ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ លី ហ្វាស៊ីរា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ភ្នំពេញ ជាបុគ្គលិកបម្រើការនៅម៉ាតឯកជនមួយកន្លែង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាស្តូពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CG-0188 បើកបរដោយជនរងគ្រោះ លី ហ្វាស៊ីរា តាមបណ្តោយផ្លូវមហាវិថីហ្រ្គេន ពីលិចទៅកើត បើកស្របទិសគ្នាជាមួយរថយន្ត ម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ 3A-6756។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ស្តាំមកផ្លូវ៥៩៨ ក៏បានកៀរម៉ូតូដួលជាប់ក្រោមរថយន្ត អូសអស់ជាច្រើនម៉ែត្រ បណ្តាលអោយអ្នកបើកបរម៉ូតូត្រូវរថយន្តកិនក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

បច្ចុប្បន្ន វត្ថុតាងទាំងពីរត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ប្រគល់អោយទៅការិយាល័យចរាចរណ៍ផ្លូវគោកដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង