ព្រឹកថ្ងៃនេះរាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក»

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភ្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក»។

វេទិកាតុមូលនៅព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមជាវាគ្មិនពីអ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិកផងដែរ។ វាគ្មិនដែលអញ្ជើញចូលរួមក្នុងវេទិកានេះ រួមមាន៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ឌៀប សុផល សាស្ត្រាចារ្យ និងជាអ្នកប្រវត្តិសាស្ត្រ, លោក ពុយ គា អ្នកព័ត៌មានដែលមានពិសោធន៍ជ្រាលជ្រៅលើភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក។

លោក សុខ ទូច បានប្រាប់អង្គភាពព័ត៌មាន CPN News ឲ្យដឹងថា វេទិកានេះរៀបចំឡើងដោយឈរលើទិដ្ឋភាពចំនួន៤រួមមាន៖ ការប្រឈមដាក់គ្នារវាងចិន និងអាមេរិក លើបញ្ហាសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ, បញ្ហាសង្គមរបស់កម្ពុជា និងការរៀបចំយុទ្ធសាស្ត្ររបស់ប្រទេសក្នុងតំបន់ដែលគាំទ្រចិន និងអាមេរិក។

ការប្រជែងឥទ្ធិពលរវាងចិន និងអាមេរិកនៅក្នុងតំបន់អាស៊ី អាស៊ីអាគ្នេយ៍ ក៏ដូចជានៅក្នុងតំបន់ឥណ្ឌូចិនមិនមែនជាថ្មីថ្មោងនោះឡើយ។ ចិន និងអាមេរិក គេបានប្រជែងឥទ្ធិពលគ្នាក្នុងតំបន់នេះ ច្រើនទសវត្សរ៍មកហើយ។ ការប្រជែងឥទ្ធិពលរបស់ពួកគេ បានធ្វើប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជាផង បានជួបក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ការប្រជែងឥទ្ធិពលរបស់ចិន និងអាមេរិកពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់១៩៨០ បានធ្វើឱ្យកម្ពុជា ជួបវិបត្តិវិនាសកម្មយ៉ាងខ្លោចផ្សាជាទីបំផុត។

ការប្រជែងគ្នាជាថ្មីរវាងចិន និងអាមេរិក នាសតវត្សទី២១នេះ កម្ពុជា ដែលជាប្រទេសក្នុងតំបន់ឥណ្ឌូចិន និងធ្លាប់រងគ្រោះព្រោះការប្រជែងនេះ ត្រូវបានគេមើលឃើញក្លាយទៅជាទីលាននៃការប្រជែងឥទ្ធិពលរបស់ចិន និងអាមេរិកផងដែរ។

លោក សុខ ទូច បានអះអាងថា វេទិកានៅថ្ងៃស្អែក គឺជាសារមួយដើម្បីពញាក់អាម្មណ៍ដល់អ្នកនយោបាយ និងយុវជនកម្ពុជា ឱ្យរៀបចំលក្ខណៈសម្បត្តិធ្វើយ៉ាងកុំឱ្យក្លាយខ្លួន ទៅជាសាច់ដែលគេកាប់ចិញ្ច្រាំដូចអតីតកាលបន្តទៅទៀត។ ជាពិសេសត្រូវរកវិធី ដើម្បីគេចចេញពីការប្រជែងដែលងាយនាំដល់គ្រោះថ្នាក់សម្រាប់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង