(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានលើកឡើងនៅថ្ងៃព្រហស្បត្តិ៍នេះថា លោករំពឹងថា រុស្ស៊ីអាចនឹងយកឈ្នះ លើការរាតត្បាត ពីវីរ៉ុស COVID-19 ក្នុងរយៈពេល២ទៅ៣ខែ ប្រសិនបើខ្លួនចាត់វិធានការតឹងរឹង ដូចជា អាជ្ញាធរ ត្រូវផ្អាកជើងហោះហើរអន្តរជាតិ, ចេញបញ្ជាឲ្យហាងភាគច្រើន នៅក្នុងរដ្ឋធានីបិទ និងផ្អាកការធ្វើពិធីសាសនានៅព្រះវិហារ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៦ ខែមីនានេះ។
រុស្ស៊ី បានរាយការណ៍ថា បានរកឃើញករណីថ្មី នៃវីរ៉ុស ចំនួន១៨២ករណី ដោយចំនួននេះ ជាចំនួនកើនឡើងច្រើនជាងគេ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យចំនួនអ្នកឆ្លងវីរ៉ុស កើនឡើងដល់៨៤០នាក់។
អាជ្ញាធរ នៅក្នុងរដ្ឋធានី និងតំបន់ជុំវិញ បានប្រកាសបិទគ្រប់ហាងកាហ្វេ, ភោជនីយដ្ឋាន និងហានទំនិញ ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី៥ ខែមេសា។
លោក ពូទីន នៅក្នុងការថ្លែងសារ តាមរយៈទូរទស្សន៍ជាតិ នាថ្ងៃពុធ បានបង្ហាញនូវវិធានការថ្មី ដើម្បីបន្ថយល្បឿន ការចម្លងវីរ៉ុស ហើយបានប្រកាសថា សប្តាហ៍ក្រោយ គឺជាសប្តាហ៍ឈប់សម្រាក សម្រាប់ជនជាតិរុស្ស៊ី និងបានជម្រុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ៕