ជិះម៉ូតូធំលឿនពេកចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកសួនច្បារប៉ើងមនុស្សដូចក្រដាសបោកផ្ទប់ខឿនរង្វង់មូលគល់ស្ពានព្រែកសំរោង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ ៖ រន្ធត់ណាស់! បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបោកផ្ទប់នឹងថ្ម បែកថ្ងាសសន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូ YAMAHA R6 ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកឡើងសួនច្បារហោះបោកផ្ទប់ខឿនរង្វង់មូលគល់ស្ពានព្រែកសំរោង កាលពីវេលាម៉ោង១១:២៥នាទីយប់ ជិតចូលពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ឱ នន់ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរកម្មកររោងចក្រទឹកកក នៅម្ដុំផ្លូវថៃហ្គ័រ ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA R6 (កែឡើងជាប្រភេទ Motor Cafe) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1FE-1688 ឌុបគ្នា មិនមានពាក់មួកការពារសុវត្ថិភាពនោះទេ បានធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ក៏បានទៅមុខត្រង់ទៅបុកឡើងសួនច្បាររង្វង់មូលព្រែកសំរោងពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់បូមខាងមុខ រងការខូចខាតយ៉ាងដំណំ ចំណែកមនុស្សទាំងពីរនាក់ ទាំងអ្នកបើកបរនិងអ្នកជិះពីក្រោយ ហោះផ្លោងទៅបោកនឹងខឿនរង្វង់មូល បណ្ដាលឲ្យបុរសរងគ្រោះដែលជិះពីក្រោយ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ បានរបួសធ្ងន់ ពកថ្ងាស និងជើង ដេកស្ដូកស្ដឹងនៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលនិងជួយស្រាវជ្រាវ រកលេខទូរស័ព្ទសាច់ញាតិ ទាក់ទងប្រាប់អោយមកកន្លែងកើតហេតុផងដែរ។

មួយសន្ទុះក្រោយក្រោយមកសាច់ញាតិក្រុមគ្រួសារបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ នឹកស្រណោះដូចជាស្រស់ៗពេក មិនគួរណាជួបរឿងអកុសលបែបនេះសោះឡើយ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើ់ពិនិត្យការខូតខាត រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង