ខេត្តសៀមរាប៖ យុវជន២នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបស្រាវជ្រាវនិងចាប់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកែច្នៃផាវ ធ្វើជាគ្រាប់បែក រួចយកទៅគប់លើគូសត្រូវ។
ស្នងការរងនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៨ មិថុនាថា ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
លោកបានបន្តថា អ្នកទាំងពីរនាក់មានឈ្មោះ១-ឈ្មោះ សេង សុកន ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅប្រទេសថៃ និងទី២-ឈ្មោះ រ៉ន ដារ៉ុងហៅហ៊ីង ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកស្នងការរងបន្តថា អ្នកទាំង២នាក់ ជាសិស្សរៀនជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ដើមចម ដែលនាំឲ្យចាប់ខ្លួនជនសង្ស័យទាំង២នាក់នោះ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី កម្លាំងសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវនៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្វាយដង្គំ ចម្ងាយប្រហែល១៥ ម៉ែត្រ ស្ថិតក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង។
ក្រោយពីទទួលសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុនិងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល៣ថ្ងៃ ក៏កំណត់បានមុខសញ្ញាជនសង្ស័យ ហើយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ សេង សុកន យកមកសួរនាំ។
របាយការណ៍បន្តថា ក្រោយពេលសួរនាំជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ រ៉ន ដារ៉ុង (ហៅហ៊ីង) ប្រាប់ថា មានគេព្រួតវាយនៅសួនបឹងកាឡូ ហើយជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ទៅឈ្មោះ រ៉ន ដារ៉ុង(ហៅហ៊ីង) ថាខ្លួនចេះផលិតរំសេវផ្ទុះពេលដែលខ្លួននៅប្រទេសថៃ។
បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង (ហៅហ៊ីង) បានឲ្យលុយខ្លួនចំនួន ២៥០០០រៀល ទៅទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ។ ពេលបានប្រាក់ហើយជនសង្ស័យក៏បានទៅទិញផាវគ្រាប់បាល់ចំនួន៥០គ្រាប់ហើយយកមកផលិតជាមួយនឹងឈ្មោះ រ៉ន ដារ៉ុង (ហៅហ៊ីង) ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឲ្យណែន ហើយផលិតបានចំនួន ០៥ គ្រាប់។
បន្ទាប់មកឈ្មោះរ៉ន ដារ៉ុង(ហៅហ៊ីង) បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយគេនោះតែងតែ
អង្គុយលេង។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យឈ្មោះ សេង សុកន ក៏បានជិះម៉ូតូទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលឲ្យផ្ទុះ រួចបើកម៉ូតូរត់គេចខ្លួន ដោយសកម្មភាពនេះខ្លួនធ្វើតែម្នាក់ឯង។
រីឯជនសង្ស័យឈ្មោះ រាន់ ដារ៉ុងបានឆ្លើយសារភាពថានៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២០រូបខ្លួននិងមិត្តភក្កិបានជិះម៉ូតូទៅលេងសួនបឹងកាឡូក៏មានអ្នកជិះម៉ូតូមកជិតខ្លួនហើយវាយខ្លួនមួយខ្សែក្រវ៉ាត់ចំខ្នង ហើយខ្លួនបានប្រាប់រឿងហេតុនេះទៅឈ្មោះសេង សុកន ថាខ្លួនត្រូវបានគេវាយហើយឈ្មោះសេង សុកន ក៏បានប្រាប់ខ្លួនថាចេះធ្វើគ្រាប់រំសេវបំផ្ទុះ។
រួចខ្លួនក៏បានហុចលុយចំនួន ២៥០០០៛ទៅឈ្មោះ សេង សុកន ដើម្បីទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ។ ក្រោយពីបានផលិតចំនួន០៥ គ្រាប់ហើយនោះ នៅថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២ ខ្លួនបានជិះកាត់កន្លែងកើតហេតុក៏ឃើញមនុស្សប្រុសដែលវាយខ្លួននៅសួនបឹងកាឡូហើយខ្លួនក៏បានទៅប្រាប់ឈ្មោះ សេង សុកន ហើយដឹកគ្នាមកមើលទីតាំងដែលត្រូវបោកគ្រាប់រំសេវ។
លុះដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០ ជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំងដែលបានប្រាប់រួចហើយ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន៤ គ្រាប់ដែលនៅសល់យកមកហែកបោះចោលតាមផ្លូវ។
លោកអ៊ុ ចំរើន បន្តថា បន្ទាប់ពីសាកសួរ ជនទាំងពីរនាក់ នឹងត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី៕