ប្រទេសថៃ ៖ ប្រាក់ដុល្លាក្លែងក្លាយប្រមាណជិត៤លានដុល្លាររួមជាមួយម៉ាសុីនផលិតចំនួន៣គ្រឿងត្រូវបានកម្លាំងសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃថៃចុះបង្ក្រាបខណៈដែលក្រុមជនសង្ស័យទាំងនេះកំពុងធ្វើការឡាយបង្ហោះលក់តាមរយៈអនឡាញ។
កិច្ចប្រតិបត្តិការនៃការចរចារទិញលុយដុល្លារតាមរយៈអនឡាញ រហូតឈានដល់ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១នៅក្នុងផ្ទះជួលមួយកន្លែងក្នុងខេត្តណាខនប៉ាធុំដោយនៅទីនោះ មានម៉ាសុីនសម្រាប់ព្រីននិងផលិតប្រាក់ដុល្លាក្លែងក្លាយចំនួន៣គ្រឿងរួមជាមួយនឹងលុយដុល្លារជាច្រើនដុំនិងដុល្លាដែលកំពុងហាលសម្ងួតជាប្រភេទក្រដាសប្រាក់១០០ដុល្លារទាំងអស់ ។
តាមការសាកសួរពួកគេមានគ្នាចំនួន៤នាក់ សុទ្ធសឹងជានារីទាំងអស់ដោយជនសង្ស័យបានសារភាពថាការផលិតដំបូងនេះបានចំនួន ៥០.០០០សន្លឹកដោយបានបញ្ចេញធ្វើចរាចរទៅលើទីផ្សារអស់ចំនួន១១.០០០សន្លឹកហើយ ជាក់ស្តែងនៅកន្លែងបង្ក្រាបមានចំនួនតែ ៣៩.០០០សន្លឹកតែប៉ុណ្ណោះដូច្នេះមានន័យថា លុយដុល្លារក្លែងក្លាយបានធ្វើចរាចរអស់ចំនួន ១.១០០.០០០ដុល្លារហើយ។
ជុំវិញបញ្ហានេះ សមត្ថកិច្ចថៃបានបញ្ជាក់ថាក្រដាសប្រាក់ប្រភេទ ១០០ ដុល្លារនេះកម្លាំងជំនាញបានយកអោយខាងធនាគារពិនិត្យគឺមានលក្ខណៈដូចទៅនិងក្រដាសប្រាក់ពិត៩៥%ដែលយើងមើលនឹងភ្នែកអាចមានការភ័ន្តច្រឡំដោយសមត្ថកិច្ចសន្និដ្ឋានថា ប្រាកដជាមានអ្នកជំនាញនៅពីក្រោយខ្នងក្នុងការផលិតប្រាក់ដុល្លារក្លែងក្លាយនេះ ៕