មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់ ត្រូវឃាតកសម្លាប់ នៅបន្ទប់ស្នាក់ការរដ្ឋបាលព្រៃឈើ សង្ស័យករណីគំនុំ.!

ពោធិ៍សាត់: មន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែងម្នាក់នៅ ខេត្តពោធិ៍សាត់ ត្រូវបានឃាតករប្លន់សម្លាប់ដោយកាប់៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារ:មួយចំនួនធំ គេចខ្លួនបាត់ស្រមោល ដែលករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨ និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ភ្នាក់ងារសារព័ត៌មាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង (ក្នុងបន្ទប់លើគ្រែ)។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល

ប្រភពបានបន្តថា សម្ភារ:ដែលបាត់បង់រួមមាន៖ ម៉ូតូឌ្រីម ស៊េរី២០១៩ ព័ណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿងនិងចិញ្ចៀនពេជ្រ០១វង់។
បច្ចុប្បន្នសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បាននិងកំពុងធ្វើកោសល្យវិច្ច័យលើសាកសព ដើម្បីស្វែងរកមុខជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង