នៅខេត្តស្ទឹងត្រែង អ្នកទោសម្នាក់ទៀតហើយ ដែលហែកគុករត់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន សរុប ៥នាក់ដែលចាប់បានមកវិញ
(ស្ទឹងត្រែង)៖ អ្នកទោសម្នាក់ទៀតហើយ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈអ្នកទោស២នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់ យ៉ាងយកចិត្តទុកដាក់។
សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ឈ្មោះ ហន វិមាន ជាប់ទោស២៧ឆ្នាំ រឿងលួចមានស្ថានទម្ងន់ទោស ដោយសារ ការប្រើទារុណកម្ម និងអំពើឃោឃៅ អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោស៥នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ២នាក់ទៀត នៅបន្ដគេចខ្លួន តែសមត្ថកិច្ចបន្ដយ៉ាងស្រាវយ៉ាងយកចិត្តទុកដាក់។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន បានឲ្យដឹងថា នាវេលាទៀបភ្លឺខណៈមន្ត្រី អនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន បានប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ដើម្បីគម្រាមបញ្ឈប់ សកម្មភាពរត់គេចតែមិនអាចរារាំងបាន។
តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយភួយ ដើម្បីខ្ទប់វាយមិនឲ្យលឺសំលេង៕