ផ្ទុះការតវ៉ា ភាពមិនប្រក្រតី ធ្លាយចេញពីស្រុកកូនមុំពាក់ព័ន្ឋការដាក់ដេញថ្លៃ ទូកដរ ចំនួន២ឃុំ

ខេត្តរតនគិរី÷ ប្រជាសហគមន៍រស់នៅក្នុងឃុំចំនួន២ គឺ ឃុំ សេរីមង្គល និងឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២២ បានមកប្រមូលផ្តុំគ្នានៅរម្មណីយដ្ឋានអន្លុងអភិរក្សអេកូទេសចរណ៌ ស្ថិតនៅក្នុងភូមិ៥ (សង្គម) ឃុំត្រពាំងច្រេស ដើម្បីពឹងពាក់ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពឲ្យជួយផ្សព្វផ្សាយ ពាក់ព័ន្ឋករណីការដាក់ដេញថ្លៃទូកដចំឡងឆ្លងទន្លេស្រែពកសំរាប់ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយមិនមានតន្លាភាពកាលពីថ្ងៃទី២៦ ខែវិច្ចិកាឆ្នាំ២០២១កន្លងទៅ។
ប្រជាពលរដ្ឋទាំងពីរឃុំបានអះអាងថា
ការដាក់ដេញថ្លៃរបស់អាជ្ញាធរមិនមានតន្លាភាព ពួកគាត់ដាក់ការសង្ស័យថា (ចងមុងដេញថ្លៃ)។
កំពង់ចម្លងថ្មីធ្វើចំណុចអន្លុងអភិរក្ស បង្កផលប៉ះពាល់ដល់មច្ឆាជាតិ(ត្រីមេពូជពងកូនជាដើម)។
មានការប្រើប្រាស់ពាក្យសំដីអសិលធម៌ពីមន្ត្រីនគរបាលមួយរូបដែលទើបឡើងកាន់ដំណែងជាអធិការស្រុកកូនមុំ ដែលគេស្គាល់ឈ្មោះ ផាង ប៉ែត ថាបានគំរាមគំហែង កូនប្រុសលោកស្រី ឈិន យ៉េង អាយុ៥៧ឆ្នាំ រស់នៅភូមិ៥(សង្គម) ជាម្ចាស់ទូកដចម្លងនោះថា៖ បើនៅធ្វើសកម្មភាពឆ្លងដរ ដដែល លោក និងយកអាត្រាក់មកអូសយកទូកទៅទុកនៅសាលាស្រុក ហើយនិងឃាត់ខ្លួនកូនប្រុសគាត់ថែមទៀត។

ប្រជាពលរដ្ឋដែលធ្លាប់ធ្វើអាជីវកម្មចម្លងទូកដរឆ្លងទន្លេពីភូមិ ទៅត្រើយម្ខាងនេះរាប់សិបឆ្នាំមកហើយ តាំងពីពុំទាន់មានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច អាទ្រីកូហ័ងអញ់យ៉ាឡាយដាំចេកអំបូងក្រហម មកម៉្លេះ ខណះទទួលបានលិខិតប្រកាសឲ្យបិទទូកដរពួកគាត់ដូចបំបែកឆ្នាំងបាយអញ្ចឹង មានការភ្ញាក់ផ្អើលនិងក្តៅក្រហាយចិត្តយ៉ាងខ្លាំង សូម្បីតែលោកមេឃុំសេរីមង្គល(លោក នូ មុិង) និងលោក មេឃុំត្រពាំងច្រេស(ង៉ែត សុភឿន)ក៏ពុំបានជ្រាបពីសេចក្តីជូនដំណឹងនៃការដាក់ដេញថ្លៃចម្លងទូកដរខាងលើ នេះផងដែរ។

ដោយសុខៗស្រាប់តែលេចលិខិតមួយច្បាប់ចេញពីរដ្ឋបាលស្រុកកូនមុំ លេខ០០២/២២ស.ជ .ណ ស្តីពីការផ្អាកដំណើរការធ្វើអាជីវកម្មកំពង់ចម្លងទាំងអស់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងច្រេស និងឃុំសេរីមង្គលស្រុកកូនមុំ ដោយយោងលិខិតលេខ៣៩៨/២១សជណស្តីពីការដេញថ្លៃភាសុីគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរី សម្រាប់ធ្វើអាជីវកម្មប្រចាំឆ្នាំ២០២២ របស់មន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តរតនគិរី។

ដោយឡែកនៅក្នុងកិច្ចប្រជុំដេញថ្លៃកំពង់ចម្លងដរនោះប្រជាសហគមន៍អះអាងថា ធ្វើឡើងដោយស្ងៀមស្ងាត់ បិទព័ត៌មានមិនឲ្យពួកគាត់ចូលរួមក្នុងការដេញថ្លៃនោះឡើយ ដោយលទ្ធផលសម្រេចប្រគល់ទៅឈ្មោះ ផាង សារី អ្នករស់នៅក្រុងបានលុងឲ្យធ្វើអាជីវកម្មចម្លងដរផ្តាច់មុខតែម្នាក់ឯងរយះពេល១ឆ្នាំ ក្នុងស្រុកកូនមុំមួយនេះទាំងមូល។ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ។

អត្ថន័យនៃលិខិតរដ្ឋបាលស្រុកកូនមុំដដែលនោះក៏បានបញ្ជាក់ជូនដំណឹងដល់លោកមេឃុំទាំងពីរ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានដឹងពីព័តិមាននេះ ទូលំទូលាយ ជាពិសេសត្រូវផ្អាកការធ្វើអាជីវកម្មពួកគាត់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ស្រុកកូនមុំថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ចុះហត្ថលេខាពីអភិបាលស្រុកកូនមុំ លោក សេក ហៃ។

សេចក្តីជូនដំណឹង១សន្លឹកនេះហើយ ដែលធ្វើឲ្យប្រជាសហគមន៍ទាំងពីរឃុំ កើតទុក្ខពុំសុខចិត្ត ដេកពុំលក់បក់មិនល្ហើយ មិនទទួលយក មិនឯកភាពនៃការដេញថ្លៃមិនប្រក្រតីភាពបែបនេះឡើយហាក់បីដូចជាកំពុងដុតសន្លឹកឆ្នោតរបស់គណះបក្សប្រជាជនចោលអញ្ចឹង។ បង្កឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំង នាំគ្នាធ្វើលិខិតផ្តិតមេដៃស្នើសុំទៅអភិបាលនៃគណះអភិបាលខេត្ត រតនគិរី ឯកឧត្តម ញ៉ែម សំអឿន មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង ដោយសំណូមពរ៖
សូមមិនឲ្យមានការដេញថ្លៃទូកដរទាំងពីរឃុំនេះផ្តាច់មុខអញ្ចឹង ដោយសារប្រជាពលរដ្ឋក្រីក្រចែករំលែកគ្នាអាស្រ័យផលលើទូកដរនេះតាំងពីដើមមក។
សូមបញ្ជាក់ជូនថា៖
.ទូកដរចម្លងនៅក្នុងឃុំទាំងពីរសព្វថ្ងៃនេះសរុបមាន៤កន្លែង កំពុងធ្វើចរាចរណ៌ក្នុងនោះ រួមមាន៖
ឃុំសេរីមង្គល : មានកំពង់ចម្លងចំនួន១ នៅចំណុចភូមិស្រែពកធំ ដែលមានម្ចាស់ទូកដរចម្លងរាល់ថ្ងៃ ម្នាក់
គឺ៖ ឈ្មោះ ថាត់ ស៊ុន ភេទប្រុស អាយុជាង៣០ឆ្នាំ។
ឃុំត្រពាំងច្រេស: មានកំពង់ចម្លងចំនួន៣ ស្ថិតនៅក្នុងភូមិ៥(សង្គម) ដែលម្ចាស់ទូកដរ រួមមាន÷
ទី១-ឈ្មោះ ឈិន យ៉េង ភេទស្រី អាយុ ៥៧ឆ្នាំ។ (ជាស្រ្តីមេម៉ាយប្តីស្លាប់ចោល)
ទី២-ឈ្មោះ ណយ ស្រីមួយ ភេទស្រី អាយុ២៩ឆ្នាំ។ និង
ទី៣-ឈ្មោះ ជួប ធារី ភេទស្រី អាយុ២៦ឆ្នាំ។ ពួកគាត់សុទ្ធតែរស់នៅក្នុងភូមិ៥សង្គមនេះផ្ទាល់តែម្តង។

ពួកគាត់បានលើកឡើងថា បើអាជ្ញាធររៀបចំឲ្យមានការបង់ពន្ធជូនរដ្ឋយ៉ាងណានោះ គឺមិនជំទាស់ឡើយសូមឯកភាពទាំងស្រុងដោយនៅក្នុង១ឆ្នាំ ត្រូវបង់ចំនួនប៉ុន្មានៗមុឺនសែនលាននោះទៅតាមលទ្ធភាព។ ពួកគាត់បន្ថែមទៀតថា បើអភិវឌ្ឈន៍ក្នុងមូលដ្ឋានអោយមានការរីកចម្រើននោះពួកគាត់ពុំជំទាស់នោះឡើយ ប៉ុន្តែសូមកុំអភិឌ្ឈន៍ឲ្យប្រជាពលរដ្ឋទឹកភ្នែកទឹកសំបោរដោយសារតែអាហារបីពេលនោះបែបនេះឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង