ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួច ត្រូវបាននគរបាលស្រុកជ័យសែនឃាត់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តព្រះវិហារ÷ ជនសង្ស័យចំនួន២នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងស្រុកជ័យសែន និងស្រុកគូលែន ត្រូវបានសមត្ថកិច្ចស្រុកជ័យសែន សហការជាមួយកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យកមកសាកសួរ។

 

ជនសង្ស័យទី១-ឈ្មោះ ឆុយ ឆៃ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ទី២-ឈ្មោះ បាន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

 

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូកែច្នៃ២គ្រឿងម៉ាក វេវ អាល់ហ្វា គ្មានស្លាកលេខ និងរថយន្ត១គ្រឿងម៉ាក កាមរី បាឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខ តាកែវ 2A-0907។

 

លោកវិរ:សេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាឲ្យលោកដឹកនាំកម្លាំងចុះស្រាវជ្រាវបន្ទាន់រហូតដល់កំណត់មុខសញ្ញាបានឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យកមកសាកសួនៅអធិការនគរបាលស្រុកជ័យសែន។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។ជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមានម៉ូតូចំនួន២គ្រឿង និងរថយន្តចំនួន១គ្រឿង ត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តព្រះវិហារ ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទដែលជាប់ទាក់ទង