និស្សិតខ្មែរឥស្លាមដែលភៀសចេញពីស៊ូដង់ដែលមានសង្គ្រាមសន្ធោសន្ធៅបានមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រុមនិស្សិតខ្មែរឥស្លាមចំនួន ៦រូប បានមកដល់កម្ពុជាហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុនបាងកកអ៊ែវ៉េ បន្ទាប់ពីបានអន្តាគមន៍ពីរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស​ រួមនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ក្នុងការជម្លៀសនិស្សិតទាំងអស់នេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមយ៉ាងសន្ធោសន្ធៅ នៅរដ្ឋធានីកាទុំ។

នាឱកាសទទួលនិស្សិតទាំង៦ រូបនេះ មានវត្តមាន ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រ៉ូហ្វី សមាជិករដ្ឋសភា ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា​។ 

ឯកឧត្តម ណុះ ស្លេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានឱ្យដឹងថា ការរំដោះ និងជួយសង្គ្រោះក្រុមនិស្សិតខ្មែរឥស្លាមទាំង៦ រូបនេះ បានធ្វើឡើង បន្ទាប់ពីមានការណែនាំ និងការគិតគូរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាឱ្យឯកឧត្តម អូស្មាន ហាស្សាន់ ធ្វើការរួមគ្នាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឈានដល់ការសហការ ជាមួយស្ថានទូត នៃប្រទេសម៉ាឡេស៊ី និងអារ៉ាប់ប៊ីសាអូឌីត ដើម្បីជួយចាត់ចែងយកក្រុមនិស្សិតទាំងនេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងស្ថិតក្នុងភាពអសន្តិសុខ។

ក្នុងដំណើរការជម្លៀសនិស្សិតនេះ អារ៉ាប៊ីសាអូឌីត បានជួយភៀសនិស្សិតចេញពីប្រទេសស៊ូដង់ តាមនាវាទៅដល់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានទទួលរ៉ាប់រងរាល់នូវការស្នាក់នៅ អាហារ និងផ្សេងៗ។

ឯកឧត្តមថ្លែងបន្តថា ការសម្របសម្រួលនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានសហការធ្វើការងារនេះទាំងថ្ងៃទាំងយប់ជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប ដែលមានឯកឧត្តម អ៊ុក សារុន និងឯកឧត្តម ស្មាន ម៉ាណន ឯកអគ្គរាជទូតកម្ពុជាប្រចាំកូវ៉ែត ដោយបានធ្វើកិច្ចការនេះយ៉ាងល្អជាមួយស្ថានទូតម៉ាឡេស៊ី ប្រចាំស៊ូដង់ ទោះកម្ពុជាពុំទាន់មានទូតរបស់ខ្លួននៅស៊ូដង់ក៏ដោយ។

ឯកឧត្តមបានបន្ថែមថា ដំបូងឡើយ ប្រទេសម៉ាឡេស៊ីរៀបចំបញ្ជូននិស្សិតកម្ពុជាទៅតាមពលរដ្ឋរបស់ពួកគេ ទៅម៉ាឡេស៊ីទាំងអស់ និងទិញសំបុត្រយាន្តហោះជូននិស្សិតទាំង៦ រូប ហើយបញ្ជូនមកកម្ពុជា ប៉ុន្តែដោយសារមាននិស្សិត ៣រូប បានបញ្ចប់ការសិក្សាហើយសាលាបានទិញសំបុត្រឱ្យរួចមកតាមបាងកក ដូច្នេះម៉ាឡេស៊ីបានទិញសំបុត្រយន្តហោះជូននិស្សិត៣រូបផ្សេងទៀត ដើម្បីបានត្រឡប់មកជុំគ្នា តាមជើងហោះហើរបាងកក។​ ឯកឧត្តម បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់។

និស្សិតទាំងអស់ ព្រមទាំងអាណាព្យាបាល បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងមន្ត្រីអង្គទូត និងបណ្តាអង្គទូតពាក់ព័ន្ធទាំងអស់ ដែលបានគិតគូរ និងស្វះស្វែងជួយដល់និស្សិតខ្មែរទាំង ៦ រូប ដែលកំពុងជាប់គាំងនៅក្នុងភ្លេីងសង្គ្រាម​នៃប្រទេសស៊ូដង់ឱ្យបានត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព ។ ក្នុងចំណោមនិស្សិតទាំង ៦រូប នេះ មានស្រី២ រូប ដែលមានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ៣ រូប និងស្រុកក្រូចឆ្មារ ៣រូប ក្នុងខេត្តត្បូងឃ្មុំ។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី មន្ត្រីម៉ាឡេស៊ី ដែលមានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ក្នុងការជម្លៀសខ្លួន ហើយក៏អរគុណដល់រដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងមន្ត្រីអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់កន្លែងជ្រកកោន រយៈពេលខ្លីដល់និស្សិតកម្ពុជា។

គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានរំដោះក្រុមនិស្សិត ខ្មែរឥស្លាមចេញពីប្រទេស ដែលមានភាពអសន្តិសុខ មានដូចជាប្រទេសអេហ្ស៊ីបចំនួន៥០នាក់ ប្រទេសលីប៊ីចំនួន ១៨នាក់  ប្រទេសយេម៉ែនចំនួន ១៦នាក់ និងប្រទេសស៊ូដង់ ៦នាក់ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង