ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពស ២៥៦៤ នេះ នឹងឈានចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង ២០ និង ៤៨ នាទីយប់ ។ ទេពធីតាដែលយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ២នៃកបិលមហាព្រហ្ម ព្រះនាងគោរាគៈទេវី ។ តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មីដូចខាងក្រោម៖
ទំនាយអំពីទឹកភ្លៀង ៖ ឆ្នាំនេះភពសុក្រ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ២ បង្អុរទឹកភ្លៀង ៦០០មេ ដែលចែកចេញជា៖
ចក្រវាល ២៤០ មេ
ព្រៃហេមពាន្ត ១៨០ មេ
មហាសមុទ្រ ១២០ មេ
និងជម្ពូរទ្វីបមនុស្សលោកយើងចំនួន ៦០មេ បណ្ដាលឱ្យមានទឹកភ្លៀងនៅដើមឆ្នាំតិច កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងច្រើន ។
ទំនាយអំពីអាកាសធាតុ៖ ឆ្នាំនេះមានកេណ្ឌ (២) ត្រូវត្រង់បឋវីធាតុចុះ ទំនាយថា មិនក្ដៅមិនត្រជាក់ មានខ្យល់ព្យុះម្ដងម្កាល ។ ការរស់នៅរបស់អាណាប្រជានុរាស្ត្រមានសេចក្ដីសុខសាន ។
ទំនាយអំពីទឹកទន្លេ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់ ០ (សូន្យ) ទំនាយថាទឹកទន្លេ បឹងបួរ ធំណាស់ ធំជាងឆ្នាំទាំងពួង ។
ទំនាយអំពីធុញ្ញាហារ៖ ឆ្នាំនេះមានកេណ្ឌ (១) មានឈ្មោះថាលាភៈ មានន័យថាស្រូវស្រែ ចម្ការ បានផល ១០ ភាគ ខូចខាតអស់មួយភាគ ប្រជានុរាស្ត្រមានសេចក្ដីសុខ សិរីសួស្ដីចម្រើនជាភយ្យោភាព ធុញ្ញាហារ មង្សាហារ នឹងឧត្ដមបរិបូណ៍ប្រសើរណាស់ ។
ទំនាយអំពីការធ្វើស្រែ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៧) ទំនាយថាស្រែដីទំនាប និងដីទួល គ្រប់កន្លែងបានផលល្អទាំងពីរយ៉ាង ។
ទំនាយអំពីគ្រោះទុរភឹក្ស៖ ឆ្នាំនេះត្រូវចំសេស ០ ត្រូវត្រង់ត្បាល់ អង្រែ ជាស្ដេច មានទំនាយថា មានកើតជំងឺដំបៅ និងអត់បាយដោយអន្លើរៗ ។ ដំណាំផ្លែឈើបានផលល្មមគួរសម ។
ទំនាយអំពីព្រះអាទិត្យ៖ ឆ្នាំនេះព្រះអាទិត្យភិមាន ជាដើមទៅទំនាយថា គឺមោះពុំមានអន្តរាយអ្វីឡើយ ៕