(ភ្នំពេញ)៖ តារាសម្តែងស្រីវ័យក្មេង ដែលតែងតែលេចមុខក្នុងខ្សែភាពយន្តដុំ និងភាគជាហូរហែកញ្ញា ពីង រូហ្សា បានទទួលមរណភាពទាំងវ័យក្មេង នៅព្រឹកថ្ងៃទី០១ ខែឧសភា នេះ។ ការទទួលមរណភាពរបស់តារាសម្តែងរូបនេះ បានធ្វើឲ្យមហាជន និងអ្នកក្នុងចង្កោមសិល្បៈមានភាពស្រឡាំងកាំងជាខ្លាំង សឹងតែនឹកស្មានមិនដល់។
បើតាមបណ្តាញសង្គមរបស់ តារាចម្រៀង និងជាតារាសម្តែង ព្រីម មន្ថា បានឲ្យដឹងថា «ប្អូនស្រីភក្រ័ ហៅអាស្រស់ គាត់បានបាត់បង់ជីវិតហើយព្រឹកមិញនេះ ហើយពេលនេះសពតម្កល់នៅវត្តនាគវន័ បងសូមឱ្យប្អូនស្រីទៅឱ្យបានសុខស្ងប់ចុះ ប្អូនស្រីជាមនុស្សល្អណាស់ ធ្វើបុណ្យក៏បានច្រើន ប្អូនស្រីអស់កម្មហើយទៅឱ្យបានសុខចុះ កើតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះទៀត។ ទោះបីយើងមិនមែនជាបងប្អូន តែយើងស្រលាញ់គ្នាដូចបងប្អូនចឹងបងស្តាយដែលជួយប្អូនយឺតពេល បើជួយទាន់ពេលប្អូនក៏មិនបាត់បង់ជីវិតដែរ សុំទៅឱ្យសុខចុះ»។
ជាមួយគ្នានោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខកញ្ញា ពីង រូហ្សា ជាបន្តបន្ទាប់ ក្នុងនោះអ្នកនាង នៅ សូនីតា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា «ចូលរួមរំលែកទុក្ខផង Ping Roza. មិនគួរលឿនយ៉ាងនេះសោះ»។
គួរបញ្ជាក់ថា តារាសម្តែងពីង រូហ្សា បានទទួលមរណភាពក្នុងវ័យ ៣១ឆ្នាំ។ តាមប្រភពបានឲ្យដឹងថា នាងបានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ តែយ៉ាងណានៅតែមិនអាចសង្គ្រោះជីវិតរបស់នាងបាន។ បន្ថែមពីនេះ មូលហេតុពិតប្រាកដនៃការទទួលមរណភាពរបស់កញ្ញា ពីង រូហ្សា នៅមិនទាន់មានការបញ្ជាក់ឡើយ។
តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺមុនទទួលមរណភាព កញ្ញា ពីង រូហ្សា បានបង្ហោះសារក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «លាហើយញាតិមិត្តបងប្អូនទាំងអស់គ្នា លាជារាងរហូតគ្មានថ្ងៃត្រលប់ 😓😓😓 (RIP) goodbye forever all beloved friends»៕