កងទ័ពជើងគោក បង្កើត Facebook Page ផ្លូវការមានឈ្មោះថា «កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ-Royal Cambodian Army»
(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបង្កើត និងបើកដំណើរការ Facebook Page ផ្លូវការរបស់ខ្លួនដែលមាន ឈ្មោះថា «កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ-Royal Cambodian Army» ដោយមានអាសយដ្ឋានភ្ជាប់ទៅកាន់ផេក https://www.facebook.com/RoyalCambodianArmy1999/។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃ១ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា Facebook Page របស់បញ្ជាការដ្ឋានកងទ័ពជើងគោក គឺមានកំណត់នូវអត្តសញ្ញាណដូចខាងក្រោម៖
ទី១៖ នៅលើរូបគម្របទំព័រ (Cover) មានរូបភាពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្នែកខាងស្តាំ មានរូបសញ្ញាអង្គភាព (Logo) របស់កងទ័ពជើងគោក នៅខាងលើផ្នែកខាងឆ្វេង និងមានរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជិះរថយន្តត្រួតពលនៅចំកណ្តាល ដោយមាននាយទាហាន នាយទាហានរង ពលទាហានឈរអមសងខាង ព្រមទាំងរូបភាពយុទ្ធោបករណ៍នៅខាងក្រោម។
ទី២៖ រូបភាពទម្រង់ផេក មានរូបសញ្ញាអង្គភាព នៃកងទ័ពជើងគោកដោយមានពណ៌ធម្មជាតិភ្លឺច្បាស់។
ទី៣៖ នៅចំណុចខាងចុងនៃឈ្មោះផេក «កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ-Royal Cambodian Army» មានរូបសញ្ញា (គ្រីស) ពណ៌ខៀវដែលសម្គាល់នូវការបញ្ជាក់ការទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន Facebook។
បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ការបង្កើតFacebook Page នេះឡើងដើម្បីជៀសវាងការភ័ន្តច្រឡំ និងសូមចូលរួមចុច Like ចែករំលែកបន្ត ដើម្បីទទួលបានព័ត៌មានថ្មីៗ កម្មវិធីអប់រំ និងការរីករាយកម្សាន្តពាក់ព័ន្ធនឹងកងទ័ព៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក៖