ប្រជាពលរដ្ឋចំនួន១៦គ្រួសារ រួមទាំងក្មេងៗជាច្រើននាក់បានបង្ហាញពីអំណរនូវគុណនូបការៈចំពោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងមន្ត្រីអនុវត្តច្បាប់ ដែលបានជួយសម្របសម្រួលនីតិវិធីឲ្យពួកគាត់បានរស់នៅក្រៅឃុំជួបជុំគ្រួសារ
បន្ទាយមានជ័យ៖ ភាពសប្បាយរីករាយ លាយលំជាមួយទឹកភ្នែករបស់ប្រជាពលរដ្ឋ១៦គ្រួសារ រួមទាំងក្មេងៗតូចៗពេលដែលបានចេញក្រៅឃុំ និងបានទៅជួបឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅភូមិបឹងជង្រុកតេជោឈ្នះៗ ឃុំបឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋចំនួន១៦គ្រួសារ រួមទាំងក្មេងៗតូច ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានសេរីភាពរស់នៅក្រៅឃុំ ជួបជុំគ្រួសារ ដោយមានការជួយសម្របសម្រួលនីតិវិធីពីមន្ត្រីតុលាការនៃសាលាឧទ្ធរណ៍បាត់ដំបង ទើបពួកគាត់បានចេញក្រៅឃុំ។
ក្នុងឱកាសដែលបានជួបឯកឧត្តម ប៉ាន់ខែម ប៊ុនថន នោះផងដែរប្រជាពលរដ្ឋពិតជាបង្ហាញការរីករាយពេលដែលបានជួបឯកឧត្តម និងបានបង្ហាញពីការអរគុណ និងដឹងគុណចំពោះឯកឧត្តម ព្រមទាំងមន្ត្រីច្បាប់ដែលមានភាពអនុគ្រោះចំពោះពួកគាត់ ឲ្យពួកគាត់បានរស់នៅក្រៅឃុំដើម្បីជួបជុំក្រុមគ្រួសារវិញ។
ក្នុងពេលដែលជួបជាមួយប្រជាពលរដ្ឋនោះផងដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានបង្ហាញពីភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ដោយឯកឧត្តមបានអង្គុយផ្ទាល់នឹងដី ដើម្បីនិយាយ សំណេះសំណាលជាមួយប្រជាពលរដ្ឋ។ ហើយឯកឧត្តមក៏បាន ផ្តល់នូវអនុសាសន៍ចំពោះប្រជាពលរដ្ឋ ត្រូវតែចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីឈានទៅរកការចាប់ខ្លួនមេក្លោងនៅក្នុងរឿងនេះ។ ហើយឯកឧត្តម ក៏បានណែរនាំប្រជាពលរដ្ឋ មុននឹងធ្វើអ្វីមួយត្រូវគិតពិចារណា ដើម្បីជៀសវាង កុំឱ្យជួបរឿងដូចពេលកន្លងមក ហើយឯកឧត្តម បានសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាប្រជាពលរដ្ឋត្រូវរួមគ្នាគោរពច្បាប់អោយបានត្រឹមត្រូវ ក៉ំធ្វើអ្វីដែលល្មើស និង ផ្ទុយពីច្បាប់អោយសោះ។
សូមរំលឹកផងដែលថាប្រជាពលរដ្ឋខាងលើគឺជាប់ឃ៉ំដោយសារតែចាញ់បោកការលួងលោម បោកបញ្ឆោតឲ្យពួកគាត់ខ្ចីលុយជំនួស ទើបមានការឃ៉ំខ្លួនពួកគាត់បែបនេះ។
ក្រោយពីបានជួបប្រជាពលរដ្ឋឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានផ្តល់នូវអំណោយជាគ្រឿងឧបភោគបរិភោគដូចជាអង្ករ មី ទឹកត្រី និងជួយឧបត្ថមថវិការក្នុងការធ្វើដំណើរពេលមកជួបឯកឧត្តមផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងអរគុណម្ចាស់ដើមបណ្តឹង ព្រមទាំងមន្ត្រីអនុវត្តន៍ច្បាប់សាលាដំបូងខេត្តបន្ទាយមានជ័យ និងមន្ត្រីអនុវត្តន៍ច្បាប់សាលាឧទ្ទរណ៍ ខេត្តបាត់ដំបងដែលបានសម្របសម្រួលនីតិវិធីឲ្យពួកគាត់បានចេញក្រៅឃ៉ំ ហើយប្រជាពលរដ្ឋសន្យាថាពួកគាត់ នឹងចូលរួមសហការជាមួយសមត្ថកិច្ចទាំងអស់ នៅក្នុងរឿងនេះ៕