សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ដើរស្វែងរកពលករខ្មែរ ទើបមកពីថៃ ហើយត្រូវសរសេរព័ត៌មានលម្អិតអំពីពួកគេគ្រប់រូប ដូចជា ឈ្មោះរបស់ពួកគេ ឈ្មោះភូមិ-ឃុំ និង ស្ថានភាពសុខភាពរបស់ពួកគេ ជាដើម។ លើសពីនេះ សម្តេចរដ្ឋមន្រ្តី ថែមទាំងប្រាប់ឲ្យកត់លេខផ្ទះរបស់ពួកគេថែមទៀត ក្នុងករណីមានលេខផ្ទះ។
សម្រេាប់សម្តេចរដ្ឋមន្រ្តី ភូមិណា ឬកន្លែងណា មានពលករខ្មែរត្រឹមតែម្នាក់ ទើបមកពីថៃ គឺចាត់ទុកជាគោលដៅក្តៅ ដែលអាជ្ញាធរ ត្រូវតាមដានមើល។ សម្តេច បង្ហាញក្តីបារម្ភថា បុគ្គលម្នាក់ អាចចម្លងដល់៥នាក់ បើបុគ្គលម្នាក់នោះ មានវីរុសកូវីដ-១៩។
ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យថ្មីស្ដីពីការពិន័យចំពោះអំពើល្មើសចរាចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា៖«ចាប់ពីមួយទៅ គឺចាត់ទុកថា មានបញ្ហាហើយ អ៊ីចឹងហើយសូមឲ្យចាត់ទុកភូមិណា ដែលមានបងប្អូនយើងមកពីថៃ មកស្នាក់នៅផ្ទះកំណើតនុ៎ង ចាប់ពីមួយទៅ ជាចំណុចក្តៅហើយ ជាគោលដៅក្តៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់ការប្រែប្រួល [សុខភាព] របស់គាត់»។
បើតាមរដ្ឋមន្រ្តីមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ពលករខ្មែរជាង៤ម៉ឺននាក់ ក្នុងចំណោមជាង១លាននាក់ បានវិលត្រឡប់មកពីថៃ។ ក្នុងចំណោមជាង៤ម៉ឺននាក់នោះ មានស្រ្តីជាង១,៦ម៉ឺនាក់។
នៅថ្ងៃទី២៦ ខែមីនា ថៃ បានសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយបានបិទប្រទេស ឈប់ឲ្យមានការធ្វើដំណើរចេញចូលមួយរយៈ។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ថៃ មានអ្នកឆ្លងវីរុសកូវីដ-១៩ ១០៤៥នាក់ហើយ និង ស្លាប់៤នាក់ តែក៏បានជាសះស្បើយវិញ៨៨នាក់ដែរ។
ថ្មីៗនេះ រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានប្រកាសទុកជាមុនដែរថា បើភូមិណា មានអ្នកឆ្លងកូវីដ-១៩ ចាប់ពីពីរ-បីនាក់ឡើងទៅ ភូមិនោះ អាចនឹង ត្រូវបិទជាបណ្តោះអាសន្ន។
ចំណែកសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែមីនា បានប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឺងវីរុសកូវីដ-១៩ ថា កំពុងពិនិត្យលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើស្ថានភាពនៃការរាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា កាត់តែធ្ងន់ធ្ងរ។