ពលរដ្ឋ​ខ្លះ បារម្ភ​ពី​ការបង់​ធនាគារ ជាង​ជំងឺ COVID-19

សៀមរាប​៖ រយៈពេល​ជិត​មួយខែ​មកហើយ ដែល​កម្ពុជា​ពើបប្រទះ​នឹង​វិបត្តិ​ខ្លះៗ ដោយសារ​ជំងឺ​កូ​វីដ​១៩​។ មួយខែ​មកនេះ ភ្ញៀវទេសចរ​ក៏​លែង​សូវ​មាន ពលរដ្ឋ​មួយចំនួន ក៏​លែង​សូវ​មាន​ចំណូល និង គ្មាន​ការងារ​ធ្វើ​ក៏មាន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មួយផ្នែក រង​ផលប៉ះពាល់​។ ងាក​ទៅ​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​តំបន់​ប្រាសាទអង្គរវត្ត​វិញ ក៏​កំពុង​រងគ្រោះ​ដែរ​។ តូប​មួយចំនួនធំ ត្រូវបាន​បិទទ្វារ មនុស្ស​ក៏​លែង​ដើរ អ្នកខ្លះ​បង្ខំចិត្ត​ទ្រាំ​បើក​តូប​លក់ ដោយ​រំពឹងថា​បាន​ចំណូល​ខ្លះ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ក្រុមអាជីវករ​ទាំងនោះ​ក៏​ចង់​បិទ​តូច​សម្រាក​ដែរ តែ​បារម្ភ​ខ្លាច​គ្មាន​លុយ​បង់​ធនាគារ ជាង​ការបារម្ភ​ពី​ជំងឺ​កូ​វីដ​-១៩ ទៅទៀត​។

ជា​ខេត្ត​ទេសចរណ៍ ធ្លាប់​តែមាន​មនុស្ស​អ៊ូអរ​នៅតាម​ប្រាសាទ ប្រែជា​ស្ងប់ស្ងាត់ និង​ឮ​តែ​សំឡេង​ធម្មជាតិ​ទួញ​ថ្ងួ​រ​។ គ្មាន​ឡើយ​សំឡេង​មគ្គុទ្ទេសក៍​ដែល​ធ្លាប់​និយាយ​ពន្យល់​ភ្ញៀវ​ឲ្យ​ដឹង​ពី​ប្រវត្តិ និង​តម្លៃ​ជា​អច្ឆរិយ​នៃ​សំណង់​ប្រាសាទ ជំនួស​ដោយ​សំឡេង​ចាប​យំ​ល្វើយៗ​ពី​ដើមឈើ​ធំៗ​ជុំវិញ​។​
​ម៉ោងជាង​១០​ទៅហើយ ធ្លាប់តែ​មនុស្ស​ចេញចូល​អ៊ូអរ​រក​ម្ហូបអាហារ​ហូប​ក្រោយ​ហត់នឿយ​ដើរ​កម្សាន្ត តូប​លក់ដូរ​មុខ​ប្រាសាទអង្គរវត្ត ធ្លាប់​ល្បី​មាន់​អាំង​ឈ្ងុយឆ្ងាញ់ ក៏មាន​ស្ថានភាព​ស្ងាត់​ដែរ​។ អ្នកលក់​មាន​ពេល​ជុំគ្នា ជជែក​រឿង​ពីនេះ​ពី​នោះ ក្នុង​បរិយាកាស​ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​សំងំ​នៅតែ​ក្នុងផ្ទះ​។
​អ្នកស្រី ទី សា​មិ​ត ជា​អ្នកលក់​បាយ​សម្ល​មាន់​អាំង​មួយរូប​បាន​និយាយថា ការលក់ដូរ​របស់​អ្នកស្រី​ស្ងប់ស្ងាត់ និង​លក់​មិន​ដាច់​នេះ​ប្រមាណ​១​ខែ​មកហើយ ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​អ្នកស្រី សា​មិ​ត ពិសេស​គឺ​ការប្រឈមមុខ​គ្មាន​លុយ​បង់​ធនាគារ​។ អ្នកស្រី​ប្រាប់ថា​៖« ប៉ះពាល់​ធ្ងន់ធ្ងរ ព្រោះថា​រាល់ថ្ងៃ​មានតែ​ចំណាយ បញ្ហា​ខ្លាំង​គឺ​ធនាគារ បើ​អាច​សុំ​ឲ្យ​ធនាគារ​អាច​ពន្យារពេល​បន្ដិច ព្រោះថា​ការលក់​រាល់ថ្ងៃ​ខាត​ជាន់​ខាត ចំណាយ​ទិញ​របស់​មក​លក់ ធ្វើ​លក់​មិន​ដាច់ សល់​ចោល​…»​។
អត្ថបទដែលជាប់ទាក់ទង