ទំនាយ ៧ យ៉ាងអំពីហេតុដែលកើតក្នុងស្រុកទេស នៃទេវតាឆ្នាំថ្មី ព្រះនាងគោរាគៈទេវី

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពស ២៥៦៤ នេះ នឹងឈានចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង ២០ និង ៤៨ នាទីយប់ ។ ទេពធីតាដែលយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ២នៃកបិលមហាព្រហ្ម ព្រះនាងគោរាគៈទេវី ។ តាមសៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​ឯកឧត្ដម អ៊ឹម បុរិន្ទ​ អគ្គលេខាធិការ​រង គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​ខាង​ក្រោម​៖

ទំនាយអំពីទឹកភ្លៀង ៖ ឆ្នាំនេះភពសុក្រ ជាអធិបតីដឹកនាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ២ បង្អុរទឹកភ្លៀង ៦០០មេ ដែលចែកចេញជា៖

ចក្រវាល ២៤០ មេ

ព្រៃហេមពាន្ត ១៨០ មេ

មហាសមុទ្រ ១២០ មេ

និងជម្ពូរទ្វីបមនុស្សលោកយើងចំនួន ៦០មេ បណ្ដាលឱ្យមានទឹកភ្លៀងនៅដើមឆ្នាំតិច កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងច្រើន ។

ទំនាយអំពីអាកាសធាតុ៖ ឆ្នាំនេះមានកេណ្ឌ (២) ត្រូវត្រង់បឋវីធាតុចុះ ទំនាយថា មិនក្ដៅមិនត្រជាក់ មានខ្យល់ព្យុះម្ដងម្កាល ។ ការរស់នៅរបស់អាណាប្រជានុរាស្ត្រមានសេចក្ដីសុខសាន ។

ទំនាយអំពីទឹកទន្លេ៖ ឆ្នាំនេះទំនាយអំពីទឹកទន្លេមានសំណល់ ០ (សូន្យ) ទំនាយថាទឹកទន្លេ បឹងបួរ ធំណាស់ ធំជាងឆ្នាំទាំងពួង ។

ទំនាយអំពីធុញ្ញាហារ៖ ឆ្នាំនេះមានកេណ្ឌ (១) មានឈ្មោះថាលាភៈ មានន័យថាស្រូវស្រែ ចម្ការ បានផល ១០ ភាគ ខូចខាតអស់មួយភាគ ប្រជានុរាស្ត្រមានសេចក្ដីសុខ សិរីសួស្ដីចម្រើន​ជាភយ្យោភាព ធុញ្ញាហារ មង្សាហារ នឹងឧត្ដមបរិបូណ៍ប្រសើរណាស់ ។

ទំនាយអំពីការធ្វើស្រែ៖ ទំនាយកេណ្ឌការធ្វើស្រែមានសេស (៧) ទំនាយថាស្រែដីទំនាប និងដីទួល គ្រប់កន្លែងបានផលល្អទាំងពីរយ៉ាង ។

ទំនាយអំពីគ្រោះទុរភឹក្ស៖ ឆ្នាំនេះត្រូវចំសេស ០ ត្រូវត្រង់ត្បាល់ អង្រែ ជាស្ដេច មានទំនាយថា មានកើតជំងឺដំបៅ និងអត់បាយដោយអន្លើរៗ ។ ដំណាំផ្លែឈើបានផលល្មមគួរសម ។

ទំនាយអំពីព្រះអាទិត្យ៖ ឆ្នាំនេះព្រះអាទិត្យភិមាន ជាដើមទៅទំនាយថា គឺមោះពុំមានអន្តរាយអ្វីឡើយ ៕

អត្ថបទដែលជាប់ទាក់ទង