ម្សិលមិញនេះអ្នកជំនាញវេជ្ជសាស្រ្តចិនទាំង៧រូប បានវិលត្រលប់ទៅប្រទេសខ្លួនវិញហើយ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នៅកម្ពុជា។ បើតាមឯកអគ្គរដ្ឋទូតចិន Wang Wentian ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 លើកនេះ បានបំពេញភារកិច្ច យ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម។ ឯកឧត្តមថា ឲ្យតែវីរុស COVID-19 មិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។
ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថា គ្រូពេទ្យចិនបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 មកកាន់ប្រទេសកម្ពុជា បានជួយកែលម្អប្រព័ន្ធទប់ស្កាត់នឹងវីរុស បានផ្តល់យោបល់ក្នុងការព្យាបាលជូនដល់អ្នកដែលផ្ទុកវីរុស COVID-19 និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺនេះ។
កាលពីពេលកន្លងទៅវេជ្ជបណ្ឌិតជំនាញចិនម្នាក់ ក្នុងចំណោម៧នាក់ បានផ្តល់យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់សម្រាប់ទប់ទល់នឹងវីរុស COVID-19 ព្រោះជាពេលដែលកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មី។ លោកថា ត្បិតប្រទេសកម្ពុជាមានអ្នកឆ្លង COVID-19 មិនច្រើន ប៉ុន្តែបើយើងធ្វេសប្រហែស ដោយនៅផ្ទះយូរអផ្សុក ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជាមួយបងប្អូន ក្រុមគ្រួសារ មិត្តភក្តិនោះនឹងមានហានិភ័យធំណាស់ក្នុងការឆ្លងរាលដាល COVID-19 ជាលក្ខណៈសហគមន៍។
លោកថា ការឆ្លងលក្ខណៈសហគមន៍ជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់សម្រាប់ទប់ទល់នឹង COVID-19។ បើមានការឆ្លងមេរោគជាលក្ខណៈសមាគម នោះចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះលោកសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នាគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាងគេចំពោះការណ៍នេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។