ក្រសួងព័ត៌មាន ប្រកាសផ្អាកការផ្សព្វផ្សាយរបស់ TVFB ក្រោយផ្សាយព័ត៌មានដែលមានចរិតញុះញង់ ប៉ះពាល់សន្តិសុខ និងសុវត្ថិភាពសង្គម
(ភ្នំពេញ)៖ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសផ្អាកដំណើរការផ្សាយរបស់គេហទំព័រឈ្មោះ www.tvfb.com.kh ,គេហទំព័រ www.fbtv.news និង មជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ ម្សិលមិញនេះ ប៉ូលិសបានចាប់ខ្លួនលោក សុវណ្ណរិទ្ធី ចាងហ្វាងផ្សាយរបស់ TVFB ដែលកំពុងល្បីក្នុងប្រទេសកម្ពុជា នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ ក្រោយពីលោក សុវណ្ណរិទ្ធី បង្ហោះផ្សាយព័ត៌មានពាក់ព័ន្ធនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងក្នុងសន្និសីទ កាលពីព្រឹកម្សិលមិញ ករណីជំងឺកូវីដ១៩ នឹងអ្នករត់ម៉ូតូឌុប។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថា “ពិតជាមានការចាប់ខ្លួនលោក សុវណ្ណរិទ្ធី ពិតប្រាកដមែន។ ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥”៕