សម្តេចតេជោស្នើឲ្យផ្អាក់កម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសសម្រាប់ឆ្នាំនេះ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យផ្អាកចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសសម្រាប់ឆ្នាំនេះ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោ បានលើកឡើងថា ” ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិគឺនឹងមកដល់នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត” ។
សម្តេចបានបន្ថែមទៀតថា វិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។
សម្តេច ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។
សម្តេចក៏បានជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ ទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០៕