(ភ្នំពេញ)៖ ក្នុងភាពពិតជាក់ស្តែង អគ្គនាយករង អភិបាលរងរាជធានី ខេត្ត ឃើញគេហៅ ឯកឧត្តម លោកជំទាវអស់ហើយ។ ប្រើពាក្យខុស សាមីខ្លួនក៏អាចយល់ច្រលំ ឯអ្នកហៅក៏អាចយល់ច្រលំ ដែលជាមូលហេតុមួយធ្វើឱ្យគោរមងារមួយនេះ ហាក់សាបតម្លៃបន្តិច មនុស្សប៉ុន្មាននាក់ប្រាប់គេវិញកុំឱ្យគេហៅខ្លួនថាឯកឧត្តម? មនុស្សឃើញភាគច្រើនមានតែញញឹមទៅវិញទេពេលគេហៅឯកឧត្តម ទោះខ្លួនគ្មានព្រះរាជក្រឹត្យក៏ដោយ។
គោរមងារជា ឯកឧត្តម និង លោកជំទាវ បានលុះត្រាតែមានតំណែង ឬឋានៈស្មើជា ៖ ប្រធាន អនុប្រធាន ព្រឹទ្ធសភានិងរដ្ឋសភា , នាយករដ្ឋមន្ត្រី , ឧបនាយករដ្ឋមន្ត្រី , ទេសរដ្ឋមន្ត្រី , រដ្ឋមន្ត្រី , រដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ , អគ្គនាយក អគ្គាធិការ អគ្គលេខាធិការ , សមាជិករដ្ឋសភា និង សមាជិព្រឹទ្ធសភា , ឯកអគ្គរាជទូត , ក្រុមប្រឹក្សារាជធានី ខេត្ត និងអភិបាលរាជធានី ខេត្ត ។
មន្ត្រីរាជការ អ្នកមុខ អ្នកការ ដែលមានតំណែង ឬឋានៈស្មើនឹងតំណែងខាងលើទើបមានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ តែចំពោះអ្នកដែលមានឋានន្តរស័ក្តិចាប់ពី ឧត្តមសេនីយ៍ត្រី ឡើងទៅ នៅក្នុង នគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តម លោកជំទាវទេ តែបើលោកបំរើការងារជាអគ្គនាយកឡើងទៅនៅក្នុងក្រសួងនានានោះទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សា ជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានគោរមងារជា ឯកឧត្តម ឬលោកជំទាវ បាន។
ចំណែកឯនៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរងឯទៀតមានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ តែបើអភិបាលរងរាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឫជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើទើបមានងារជា ឯកឧត្តម លោកជំទាវ ៕