(រតនគិរី)÷ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលប្រមាណជិត១ឆ្នាំ ព្រោះតែជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលបានសម្រេចអោយគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន បានបើកទ្វារសិក្សាឡើងវិញហើយ នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាល។ បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ១៩នេះនៅក្នុងថ្នាក់រៀន។
ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាព នៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងខេត្តរតនគិរីបានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀនផងដែរ និងបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថាន
សិក្សា ត្រូវអនុវត្ដតាមគោលការណ៍ប្រតិបត្ដិស្ដង់ដា។ ជាពិសេសពង្រឹងការអនុវត្ដវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត
រតនគិរី មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចចាប់បើកដំណើរការគ្រឹះស្ថានសិក្សា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រប់កម្រិតសិក្សាទាំងរដ្ឋ និងឯកជន ទូទាំងរាជធានី-ខេត្ត ។ ការបើកដំណេីការឡើងវិញគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដោយកំណត់ការបង្រៀន និងរៀនតាមបណ្តុំពី ១៥នាក់ ទៅ
២០នាក់ ដោយបន្តអនុវត្ត នូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។ ហើយក្នុងនៅក្នុងសាលា មិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សាទេ ។
ជាមួយគ្នានេះសិស្សានុសិស្សនៃវិទ្យាល័យ សម្តេចឪសម្តេចម៉ែ ក្រុងបានលុង ប្អូនស្រី សួស វណ្ណនីកា និងប្អូនស្រី រិត សៀវអាយ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេច ឲ្យបេីកដំណេីរការសាលរៀនឡេីងនាពេលនេះ ដែលអោយពួកគេមានឱកាសសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូផ្ទាល់ ដោយការសិក្សាជាមួយលោកគ្រូ អ្នកគ្រូផ្ទាល់ គាត់អាចពន្យល់មេរៀនបានគ្រប់ជ្រុងជ្រោយ ពេលសិស្សមានចម្ងល់ក្នុងមេរៀន គឺមានការបកស្រាយពន្យល់ពីគាត់ភ្លាមៗ។
ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។
ការបើកសាលារៀនឡើងវិញ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក គន្លងថ្មីប្រកបដោយចីរភាព។ ខណៈពេលដែល ហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ៕