អភិបាលខេត្តរតនគិរី៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយអភិបាលស្រុកដែលទើបទទួលការតែងតាំងថ្មី ដើម្បីបន្តការងារអភិវឌ្ឍន៍មូលដ្ឋាន
(រតនគិរី)÷ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលស្រុកអណ្តូងមាស ដែលទើបទទួលការតែងតាំងថ្មី ពួតដៃគ្នាអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាស នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាការ រំឭកដល់មន្ត្រីទាំងអស់ មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវតែងតាំងថ្មីនោះទេត្រូវតែចងចាំជានិច្ច និងអនុវត្តន៍ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជា នោះគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយចៀសវាងឱ្យបាននូវពាក្យថា មន្ត្រីជើងដប់។ ជាពិសេសអភិបាលស្រុកថ្មី ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាតាមប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចតែងតាំង លោក កង សារឿន ឋានន្តរស័ក្តិ ឧត្តមមន្រ្តីថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកអណ្តូងមាស៕