សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញសេចក្តីសម្រេចកែសម្រួសសមាសភាព គណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តរតនគិរី តែងតាំង ឯកឧត្តម ញ៉ែម សំអឿន ជាប្រធាន
(រតនគិរី)÷ នៅសៀលថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿន ជាប្រធានគណៈកម្មាធិការសាខា នៅក្នុងអាណត្តិទី៥។ កិច្ចប្រជុំប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូហ្ស៊ូម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ និងឯកឧត្តម អគ្គលេខាធិការង កក្រក ទាំង២ គណៈកម្មាធិការសាខា អនុសាខា មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា តំណាងយុវជនកាកបាទក្រហម សរុបមានចំនួន ៥៣នាក់។
ជាកិច្ចចាប់ផ្តើមសាខា មានមតិស្វាគមន៍ របាយការណ៍សកម្មភាព និងរបាយការណ៍ ហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២១ ជាកិច្ចបន្តលោកជំទាវ អគ្គលេខាធិការរងទី១ បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទី ភារកិច្ចគណៈកម្មាធិការសាខា កក្រក ខេត្តរតនគិរី អាណត្តិទី៥។
ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាថ្មី បានប្ដេជ្ញាចិត្ត ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញភារកិច្ចមនុស្សធម៌ និង រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទី ភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា រួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពិសេស បង្កើនគំនិតក្នុងការកៀរគរ រកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ។
មានប្រសាសន៍នាឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរ
សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់
ពេលវេលា។ លោកជំទាវ មានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមសុំអោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន ឯកឧត្តម ញ៉ែម សំអឿន ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់លើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វ ហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងការបន្តដឹកនាំសាខា កក្រក ខេត្តរតនគិរី ក្នុងអាណត្តិទី៥នេះ៕