ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ម៉ៃ តុលា ពីបទរំលោភទំនុកចិត្ត
(ភ្នំពេញ)៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ពី «បទរំលោភទំនុកចិត្តដោយអភិបាល» តាមមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរ។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ម៉ៃ តុលា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដោយសង្ស័យមានការពាក់ព័ន្ធនឹង អំពើពុករលួយ។ បន្ទាប់ពីឃាត់ខ្លួននេះ លោកត្រូវបាន ACU បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ។
សូមបញ្ជាក់ថា មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៤រូបដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិសម្រេចដកមុខតំណែង និងព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដែលធ្វើឲ្យកក្រើកនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់ FFC ត្រូវបានមន្រ្តីនៅក្នុងសហព័ន្ធទម្លាយប្រាប់ជាសាធារណៈថា គឺជាប់ពាក់ព័ន្ធជាមួយ នឹងអំពើពុករលួយ ឃុបឃិតជាប្រព័ន្ធចាប់តាំងពី ឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។
ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរកឃើញមានទឹកប្រាក់ប្រមាណ ៥៩៧៣៦ដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន នាពេលកន្លងនោះឡើយ។
ការឃាត់ខ្លួនមន្ដ្រីបច្ចេកទេសខាងលើ គឺក្រោយមួយថ្ងៃ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ចប់តួនាទីភារកិច្ចអតីតអគ្គលេខាធិការរងសហព័ន្ធខាងលើ ព្រមទាំងអតីតមន្ដ្រី ៣រូបទៀត រួមមានលោក ទុយ វិច្ឆិកា ជាប្រធានការិយាល័យអាជ្ញាកណ្តាល, លោក ឆាំង ពិសិដ្ឋ ជាប្រធានការិយាល័យប្រកួត និងលោក គល់ សុភារម្យ ជាប្រធានការិយាល័យរដ្ឋបាល ដែលឃុបឃិតគ្នាជាប្រព័ន្ធ កិបកេងថវិការបស់សហព័ន្ធ ទទួលបានពីការប្រកួត Tiger Street នូវទឹកប្រាក់៥៩,៧៣៦ដុល្លារ គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។
ដោយសារការប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីក្រុមសីលធម៌ និងវិន័យរបស់សហព័ន្ធ ទើបថ្នាក់ដឹកនាំ FFC សម្រេចព្យួរអតីតមន្ដ្រី ៤រូបខាងលើ មិនឲ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់អស់មួយជីវិត។ លើកលែងតែលោក ម៉ៃ តុលា ដែលត្រូវបានសហព័ន្ធ ដាក់ពាក្យបណ្ដឹង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំពោះការប្រព្រឹត្តអំពើពុករលួយ រហូតដល់មានការឃាត់ខ្លួនដូច្នេះ៕