រដ្ឋមន្ត្រីការបរទេសកម្ពុជា៖”គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង”

ភ្នំពេញ៖ទោះបីជាខ្លឹមសារនៃជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនទាន់ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅឡើយក៏ដោយ ក៏នៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជានៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារដែលមានន័យថា “សូមស្វាគមន៍ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ដ្រាលី ដែលបានមកដល់ប្រទេសកម្ពុជា។ ខ្ញុំពិតមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកជំទាវដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង”។

ទំព័រហ្វេសប៊ុកដដែលបានបន្តថា សាមគ្គីភាពអន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេសខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន។ ខ្ញុំសង្ឃឹមថា លោកជំទាវ និងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភពលោក។

គួរបញ្ជាក់ថាលោកជំទាវ ម៉ារីស ផេន កំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា (៧-៨ខែវិច្ឆិកា)។ ជាទស្សនកិច្ចតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងស្នាក់នៅកម្ពុជាលោកជំទាវ ម៉ារីស ផេន បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ម៉ារីស ផេន ក៏ជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។ លោកជំទាវ ម៉ារីស ផេន ក៏បានអញ្ជើញទៅទស្សនាអង្គការកម្ពុជាដើម្បីជួយស្ដ្រីមានវិបត្តិ ដែលទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្ដ្រាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទាំងនៅក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង