សម្តេចពិញ្ញជ័យសេនា ទៀ បាញ់ បានទទួលអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ថា ការភ្ជាប់ប្រព័ន្ធលូទឹកកង្វក់ និងទឹកភ្លៀងពីផ្ទះប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ ដែលរស់នៅជាប់ផ្លូវទាំងនោះ មិនយកថរិកាពីប្រជាពលរដ្ឋឡេីយ…
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខ្ញុំបាទបានចូលរួមក្នុងការពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងបានចូលរួមកិច្ចប្រជុំនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណកម្មាការអន្តរក្រសួង។
តាមការប្រជុំវាយតម្លៃបូកសរុបការងារបានអោយដឹងថា ការកសាងផ្លូវ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួចរាល់បាន៩០ភាគរយហេីយ។
សម្តេចពិជ័យសេនា ទៀបាញ់ បានគូសបញ្ជាក់ថា ផ្លូវទាំងអស់នេះ កសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ថា ការភ្ជាប់ប្រព័ន្ធលូទឹកកង្វក់ និងទឹកភ្លៀងពីផ្ទះប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ ដែលរស់នៅជាប់ផ្លូវទាំងនោះ មិនយកថរិកាពីប្រជាពលរដ្ឋឡេីយ ដោយសម្តេចតេជោចេញថវិកាជំនួសទាំងអស់ទុកជាកាដូជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងមូល។
សូមបញ្ជាក់ផងដែរថា កន្លងមកបេីមានប្រជាពលរដ្ឋណាបានបង់ថរិកាទៅលេីការភ្ជាប់ប្រព័ន្ធលូទាំងនេះ សូមមេត្តាទៅដកយកថវិកាត្រឡប់មកវិញពីស្ថាប័នណាដែលបងប្អូនបានបង់ជូន។
ក្នុងនោះផងដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសថា នឹងបេីកជេីងហោះហេីរអន្តរជាតិសៀមរាប ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះដោយពុំមានធ្វេីចត្តាឡីស័កទេ។
តាងនាម ខ្ញុំបាទតំណាងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអបអរសាទរ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបរហូតទទួលបានជោគជ័យដ៏គួរអោយរំភេីប។
សូមគោរព និងសូមជូនពរ សម្តេចតេជោ ហ៊ុន សែន និង សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងក្រុមការងារសូមជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡេីយ។